ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃនេះគឺជាថ្ងៃសុក្រ ទី ២៤ ខែមករា ហើយនេះគឺជារឿងសំខាន់ប្រចាំសប្តាហ៍។ បទបញ្ជាទៅលើច្បាប់អន្តោប្រវេសន៍ នៅក្នុងថ្ងៃឡើងតំណែងដំបូងនៃអាណត្តិទី២ របស់ប្រធានាធិបតី Donald Trump គាត់បានចាត់វិធានការនិតិប្រតិបត្តិមួយចំនួនដើម្បីរឹតបន្តឹងប្រព័ន្ធអន្តោប្រវេសន៍។ លោក Trump បានប្រកាសភាពអាសន្នរបស់ជាតិនៅតាមព្រំដែនភាគខាងត្បូង ជាមួយ ប្រទេសម៉ិកស៊ិកកូ ដោយបានបិទដំណើរការក្នុងការសុំសិទ្ធជ្រកកោន និង បានផ្អាកកម្មវិធី ទទួលជនភៀសខ្លួនរបស់សហព័ន្ធ។ បទបញ្ជាដ៏ធ្ងន់ធ្ងរបំផុតមួយគឺបញ្ជាមន្ត្រី សហព័ន្ធឲ្យបញ្ឈប់ការចេញឯកសារផ្តល់សញ្ជាតិ ដល់ ទារកដែលកើតក្នុងប្រទេសអាមេរិក ដោយមានឪពុកម្តាយដែលមិនមែនជាជនជាតិអាមេរិក។ បទបញ្ជានេះត្រូវបានធ្វើឡើងតាមការសន្យានៅកំឡុងពេលឃោសនាបោះឆ្នោត ដោយការសន្យានោះមានសេចក្តីថានឹងបញ្ចប់នូវអ្វីដែលគេហៅថា "សិទ្ធិមានសញ្ជាតិពីកំណើត" ដែលមានន័យថាមនុស្សទាំងអស់ដែលកើតនៅក្នុង សហរដ្ឋអាមេរិក គឺជាពលរដ្ឋ និង មានសញ្ជាតិអាមេរិក។ រដ្ឋម៉េន និងរដ្ឋចំនួនជាង ២០ ផ្សេងទៀតបានដាក់ពាក្យប្តឹងទៅកាន់តុលាការ ដើម្បីទាមទារ សិទ្ធិសញ្ជាតិពីកំណើត ដោយលើកហេតុផលថា វាបំពានច្បាប់រដ្ឋធម្មនុញ្ញ។ ក្រុមបះបោរ ថ្ងៃទី ៦ ខែមករា Trump ក៏បានបំពេញតាមការសន្យាយុទ្ធនាការបោះឆ្នោតមួយទៀត ដោយ លើកលែងទោសដល់អ្នកដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងការបះបោរដ៏សាហាវនៅវិមាន Capitol របស់សហរដ្ឋអាមេរិកក្នុង ឆ្នាំ២០២១ ដែលជាការប៉ុនប៉ងដើម្បីផ្តួលរំលំ លទ្ធផល នៃការបោះឆ្នោតឆ្នាំ ២០២០ ។ មនុស្សប្រហែល ១៥០០ នាក់បានទទួលការលើកលែងទោស។ ក្នុងនោះរួមមានមនុស្ស ១៥ នាក់នៅរដ្ឋម៉េន។ មនុស្ស ១១នាក់ដែលមកពីរដ្ឋម៉េន ត្រូវបានកាត់ទោសរួចហើយ រួមទាំងអ្នកខ្លះត្រូវបានរកឃើញថាមានពិរុទ្ធក្នុងការវាយដំមន្ត្រីប៉ូលិសនៅវិមាន Capitol។ គណៈប្រតិភូសភារបស់រដ្ឋម៉េន បានផ្តល់ប្រតិកម្មដ៏ច្របូកច្របល់គ្នាចំពោះការលើកលែង ទោសនេះ។ តំណាងរាស្រ្ត Chellie Pingree បានថ្កោលទោសនូវទង្វើនេះ។ លោកស្រីសមាជិកព្រឹទ្ធសភា Susan Collins បាននិយាយថា អ្នកខ្លះអាចសមនឹងទទួលបានការលើកលែងទោស ប៉ុន្តែមិនមែនអ្នកដែល ប្រព្រឹត្តអំពើហឹង្សា នោះទេ។ លំនៅដ្ឋានអ្នកស្វែងរកសិទ្ធិជ្រកកោន មន្ត្រីរដ្ឋបាននិយាយថា ពួកគេទំនងជានឹងត្រូវបញ្ឈប់កម្មវិធីលំនៅដ្ឋានអន្តរកាល សម្រាប់ អ្នកស្វែងរកសិទ្ធិជ្រកកោន នៅចុងឆ្នាំនេះ ដោយលើកឡើងពីឧបសគ្គថវិកា និងអ្នកមក ដល់ថ្មីតិចជាងមុន។ ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន MaineHousing បានជួលសណ្ឋាគារមួយនៅ Saco ធ្វើជាមជ្ឈមណ្ឌលតាំងទីលំនៅថ្មីសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដោយផ្តល់ ទីជម្រក សម្រាប់មនុស្សជាង ៧០០ នាក់ក្នុងអំឡុងពេលនោះ។ ទីភ្នាក់ងារនេះចុះកិច្ចសន្យាជាមួយអង្គការ Catholic Charities Maine ដើម្បីដំណើរការប្រតិបត្តិការប្រចាំថ្ងៃ ដែលរួមមានកម្មវិធីបណ្តុះបណ្តាលការងារ ថ្នាក់ភាសាអង់គ្លេស និងជួយស្វែងរកលំនៅដ្ឋានអចិន្ត្រៃយ៍។ប៉ុន្តែដោយមានអ្នកស្វែងរកសិទ្ធិជ្រកកោនមានតិចជាងមុនបានមកដល់រដ្ឋម៉េន និងរដ្ឋប្រឈមមុខនឹងថវិកាដ៏តានតឹង ។ មន្រ្តីការិយាល័យរបស់អភិបាលរដ្ឋដែលមានឈ្មោះថា ការិយាល័យកិច្ចនៃការច្នៃប្រឌិតគោលនយោបាយនិងអនាគត បាននិយាយថា ការចំណាយប្រាក់ប្រចាំឆ្នាំចំនួន ៦លានដុល្លាសម្រាប់កម្មវិធីនេះ គឺមិនចាំបាច់ត្រូវ ចំណាយទៀតទេ។ បទឈប់បាញ់នៅហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់បទឈប់បាញ់គ្នា ប្រជាជនប៉ាឡេស្ទីនមាន ក្តីសង្ឃឹម និងមើលឃើញលឹមៗ នៃថាការបញ្ចប់សង្រ្គាមដែលមានអាយុកាលរយៈពេល ១៥ខែនេះ។ សារព័ត៌មាន Associated Press បានរាយការណ៍ថា ការប្រារព្ធពិធីបាន ចាប់ ផ្តើមនៅក្នុងតំបន់សង្រ្គាមបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស ដោយជនជាតិប៉ាឡេស្ទីន មួយចំនួនចាប់ផ្តើមវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ក្រុមអង្គការសម្ព័ន្ធរដ្ឋម៉េនសម្រាប់ប៉ាឡេស្ទីន ដែលមានក្រុមអង្គការចំនួន២០រួមគ្នា ដែលជំរុញ ឱ្យមន្ត្រីអាមេរិក គាំទ្របទឈប់បាញ់ និងបញ្ឈប់ការបំពាក់អាវុធដល់អ៊ីស្រាអែល បាននិយាយថា ពួកគេមានសង្ឃឹម ប៉ុន្តែថាកិច្ចព្រមព្រៀងមានភាពផុយស្រួយខ្លាំងណាស់។ ក្រុមហាម៉ាស់ក៏បានចាប់ផ្តើមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួនដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ Maine Public កំពុងស្វែងរកមតិកែលម្អពីលោកអ្នក។ ដើម្បីបំពេញការស្ទង់មតិខ្លីៗរបស់យើង សូមចូលទៅកាន់ mainepublic.com/newsconnect ។ |