ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃនេះគឺជាថ្ងៃសុក្រ ទី៦ ខែធ្នូ ហើយនេះជាព័ត៌មានសំខាន់ៗសំរាប់សប្តាហ៍នេះ។ បណ្តឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ អគ្គមេធាវីរបស់រដ្ឋម៉េន លោក Aaron Frey កំពុងចោទប្រកាន់ក្រុមហ៊ុនប្រេង និងឧស្ម័នធំមួយចំនួនថា បានលក់ប្រេងឥន្ធនៈដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ហើយគាត់ចង់ឱ្យពួកគេបង់ថ្លៃចំពោះការខូចខាតអាកាសធាតុកាន់តែក្តៅឡើង ដែលបង្កឡើងដោយការដុតផលិតផលរបស់ពួកគេ។ នៅក្នុងពាក្យបណ្តឹងដែលបានដាក់កាលពីសប្តាហ៍មុន លោក Frey បាននិយាយថាក្រុមហ៊ុនទាំងនោះរួមទាំងមាន ក្រុមហ៊ុន British Petroleum និង Exxon បានបោកប្រាស់អតិថិជនដើម្បីបន្តលក់ប្រេងឥន្ធនៈដែលបង្កគ្រោះថ្នាក់។ រដ្ឋម៉េនគឺជារដ្ឋចុងក្រោយបង្អស់ដែលបានប្តឹងក្រុមហ៊ុនប្រេងនៅក្នុងតុលាការរដ្ឋ បន្តពីរដ្ឋ California, Vermont និង Massachusetts ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបដិសេធការប៉ុនប៉ងរបស់ក្រុមហ៊ុនប្រេងទាំងនេះ ក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការសហព័ន្ធ។ ថ្លៃអគ្គិសនី យោងតាមរបាយការណ៍រដ្ឋថ្មីមួយបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុង រដ្ឋម៉េនជាច្រើន កំពុងជួបការលំបាកក្នុងការបង់ថ្លៃអគ្គិសនី។ អតិថិជនក្នុងរដ្ឋម៉េន ដែលមានចំណូលទាបប្រហែលជា ១០០,០០០ នាក់ចំណាយ ៨% នៃប្រាក់ចំណូលរបស់ពួកគេទៅលើថ្លៃអគ្គិសនី ដែលជាចំនួនទ្វេគុណនៃថ្លៃដែលត្រូវបានគេចាត់ទុកថាមានតម្លៃសមរម្យ នេះបើយោងតាមក្រុមប្រឹក្សាដែលត្រួតពិនិត្យអត្រាអគ្គិសនី។ របាយការណ៍នេះបានណែនាំឱ្យរដ្ឋាភិបាលរដ្ឋម៉េនចំណាយប្រាក់ដែលបានមកពីចំណូលពន្ធរបស់ខ្លួនចំនួន១៥លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយគាំទ្រដល់គ្រួសារដែលមានប្រាក់ ចំណូលទាប។ ក្រុមប្រឹក្សាក៏បានផ្តល់អនុសាសន៍ឱ្យធ្វើការស្រាវជ្រាវបន្ថែមលើទីផ្សារអ្នកផ្គត់ផ្គង់អគ្គិសនីដែលមានការប្រកួតប្រជែងរបស់រដ្ឋម៉េន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះតម្លៃ។ និស្សិតអន្តរជាតិ ការចុះឈ្មោះចូលរៀនរបស់និស្សិតអន្តរជាតិបានកើនឡើង ១៨% កាលពីឆ្នាំមុននៅទូទាំង មហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់រដ្ឋម៉េន ដែលជាផ្នែកមួយនៃការស្ទុះងើបឡើងវិញនៅទូទាំងប្រទេស ក្រោយជំងឺរាតត្បាត ។ និស្សិតអន្តរជាតិចំនួន ១.១លាននាក់បានចុះឈ្មោះចូលរៀននៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។ សិស្សជាង ២០០៧ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកទាំងនោះកំពុងសិក្សានៅរដ្ឋម៉េន ។ ការចុះឈ្មោះជាអន្តរជាតិនៅសាកលវិទ្យាល័យម៉េន គឺកើនឡើងប្រហែល ២៥% បើធៀបទៅនឹងឆ្នាំ ២០២០។ មន្ត្រីសកលវិទ្យាល័យនិយាយថាប្រភពដើមខ្ពស់បំផុតដែលបានបញ្ជូនសិស្សទាំងនោះមករៀន រួមមាន ប្រទេសកាណាដា ប្រទេសហ្គាណា និងប្រទេសឥណ្ឌា។ របាយការណ៍នេះក៏បានរកឃើញថា និស្សិតអន្តរជាតិដែលកំពុងសិក្សានៅក្នុងរដ្ឋម៉េន បានរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់រដ្ឋ ជាង៨០លានដុល្លារ ។ ទោះបីជាមានការកើនឡើងនៃការចុះឈ្មោះចូលរៀនក៏ពិតមែន ក៏រដ្ឋម៉េន នៅតែមានចំនួននិស្សិតបរទេសទាបបំផុតនៅក្នុងប្រទេស។ កសិករថ្មី របាយការណ៍ថ្មីមួយបានរកឃើញថារដ្ឋម៉េន មានភាគរយខ្ពស់បំផុត នៃចំនួនកសិករថ្មីបើប្រៀបធៀបទៅរដ្ឋនានានៅក្នុងប្រទេស ទោះបីជាអាយុមធ្យមរបស់កសិករនៅក្នុងរដ្ឋនៅតែបន្តកើនឡើងក៏ដោយ។ ជាងមួយភាគបីនៃកសិដ្ឋានដាំបន្លែផ្លែឈើ និងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងរដ្ឋម៉េន ត្រូវបានបើកដំណើរការដោយកសិករថ្មី ឬអ្នកផលិតទើបតែចាប់ផ្តើមជាលើកដំបូង មានន័យថាពួកគេបានបើកដំណើរការកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វក្នុងរយៈពេលតិចជាងមួយទសវត្សរ៍។ នោះជាភាគរយខ្ពស់បំផុតទីបីនៅក្នុងប្រទេស ។ អង្គការ Maine Farmland Trust ដែលជួយគាំទ្រកសិករនៅទូទាំងរដ្ឋបាននិយាយថា រដ្ឋម៉េន មានបណ្តាញដ៏រឹងមាំនៃអង្គការដែលជួយកសិករដែលចាប់ផ្តើមថ្មីៗដូចជា ទទួលបានដីធ្លី បង្កើតផែនការអាជីវកម្ម និងធានាការផ្តល់ហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ កសិករជិត ៤០% ក្នុងរដ្ឋមានអាយុចាប់ពី ៦៥ ឆ្នាំឡើង។ អង្គការ Maine Farmland Trust និងក្រុមអង្គការផ្សេងទៀតកំពុងព្យាយាមរកវិធីដើម្បីកាត់បន្ថយគម្លាតរវាងកសិករវ័យចំណាស់ដែលកំពុងត្រៀមខ្លួនក្នុងការចូលនិវត្តន៍ និងអ្នកចំណូលថ្មីដែលជួបការលំបាកក្នុងការទទួលបានដីធ្វើកសិកម្ម។ Maine Public កំពុងស្វែងរកមតិកែលម្អពីលោកអ្នក។ ដើម្បីបំពេញការស្ទង់មតិខ្លីៗរបស់យើង សូមចូលទៅកាន់ mainepublic.com/newsconnect ។ |