ការបកប្រែជាអត្ថបទតែប៉ុណ្ណោះ៖ អ្នកស្វែងរកសិទ្ធិជ្រកកោនរស់នៅតាមទីជនបទរដ្ឋម៉េន ថាមពលប្រើប្រាស់ក្នុងផ្ទះ រៀនប្រើថ្នាំNaloxone នៅទីក្រុងLewiston កាកសំណល់អាហារ និង ស្លឹកឈើ ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃនេះគឺជាថ្ងៃសុក្រ ទី ២៧ ខែកញ្ញា ហើយនេះជារឿងសំខាន់ប្រចាំសប្តាហ៍។ អ្នកស្វែងរកសិទ្ធិជ្រកកោនរស់នៅតាមជនបទម៉េន អង្គការមិនរកប្រាក់ចំណេញនៅក្នុងរដ្ឋម៉េនមួយចំនួន និងអ្នកដឹកនាំផ្នែកលំនៅដ្ឋានកំពុង និយាយអំពីអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ជនអន្តោប្រវេសន៍ទូទាំងរដ្ឋ។ អ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ភាគច្រើនមកពីអាហ្វ្រិកកណ្តាល បានមកដល់រដ្ឋម៉េន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានមនុស្សជាច្រើនបានតាំងទីលំនៅនៅក្នុងតំបន់ Portland ច្រើនជាងគេ។ ប៉ុន្តែការស្វែងរកលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ម៉េន គឺកាន់តែមានការពិបាក។ អ្នកគាំទ្រនិយាយថា ត្រូវផ្តល់ឱកាសសម្រាប់សហគមន៍ផ្សេងទៀតក្នុងការស្វាគមន៍ជនអន្តោ- ប្រវេសន៍នៅតាមកន្លែងដែលមានឱកាសការងារច្រើន ហើយនិយោជកពិបាកស្វែងរកកម្មករ គ្រប់គ្រាន់។ មន្ត្រីរបស់រដ្ឋបានចាត់ទុកជនអន្តោប្រវេសន៍មកដល់ថ្មីថា ជាអំណោយផលសេដ្ឋកិច្ចដែលមាន សក្តានុពលសម្រាប់សហគមន៍នៅទូទាំងរដ្ឋ ហើយអាចជួយទប់ស្កាត់នឹងការខ្វះខាតកម្លាំងពល-កម្មរបស់រដ្ឋម៉េនបាន ។ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន រួមទាំងទស្សនៈអវិជ្ជមានចំពោះជនអន្តោប្រវេសន៍នៅក្នុង សហគមន៍មួយចំនួន និងច្បាប់សហព័ន្ធដែលរារាំងអ្នកស្វែងរកសិទ្ធិជ្រកកោនមិនឱ្យធ្វើការយ៉ាងហោចណាស់ប្រាំមួយខែបន្ទាប់ពីពួកគេដាក់សំណុំរឿងអន្តោប្រវេសន៍របស់ពួកគេ។ ថាមពលប្រើប្រាស់ក្នុងផ្ទះ រដ្ឋម៉េន កំពុងចាប់ផ្តើមកម្មវិធីបញ្ចុះតម្លៃថាមពលប្រើប្រាស់ក្នុងផ្ទះថ្មី ដើម្បីជួយម្ចាស់លំនៅដ្ឋានដែលមានចំណូលទាបក្នុងការទិញ និងដំឡើងម៉ាស៊ីនកំដៅ។ អភិបាលរដ្ឋ Janet Mills បាននិយាយថា កម្មវិធីនេះមានគោលបំណងកាត់បន្ថយការបង់ថ្លៃថាមពល និងជួយរដ្ឋឱ្យសម្រេចបាននូវគោលដៅអាកាសធាតុប្រែប្រួលរបស់ខ្លួន។ ម្ចាស់លំនៅដ្ឋានចល័តដែលមានប្រាក់ចំណូលតិចជាង ៨០% នៃប្រាក់ចំណូលជាមធ្យមក្នុងតំបន់ អាចមានសិទ្ធិទទួលបានប្រាក់រហូតដល់ ១៤,៥០០ ដុល្លារសម្រាប់ថ្លៃដំឡើងម៉ាស៊ីនកំដៅ។ នេះគឺជាផ្នែកមួយនៃគោលដៅដ៏ចំបងមួយក្នុងការកាត់បន្ថយការពឹងផ្អែករបស់រដ្ឋទៅលើប្រេង កំដៅ ដែលលោកស្រី Mills បាននិយាយថាបណ្តាលឱ្យម្ចាស់លំនៅដ្ឋាននៅក្នុងរដ្ឋ ខាតបង់ប្រាក់រាប់ពាន់លានដុល្លារនៅពេលដែលគាត់ចូលកាន់តំណែងដំបូង។ កម្មវិធីនេះត្រូវបានផ្តល់ថវិកាចំនួន ៣៦លានដុល្លារ ពីច្បាប់កាត់បន្ថយអតិផរណាសហព័ន្ធដែលត្រូវបានអនុម័តដោយគណបក្សប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិក និងបានចុះ ហត្ថលេខាដោយប្រធានាធិបតី Joe Biden ក្នុងឆ្នាំ ២០២២ ។ លោកស្រី Mills បាននិយាយថាប្រាក់នឹងជួយរដ្ឋឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការដំឡើងម៉ាស៊ីនកំដៅថ្មី ចំនួន ១៧៥,០០០ គ្រឿងនៅឆ្នាំ ២០២៧ ។ រៀនប្រើថ្នាំNaloxone នៅទីក្រុងLewiston ក្នុងសប្តាហ៍នេះសិស្សសាលាអនុវិទ្យាល័យ និងវិទ្យាល័យនៅទីក្រុង Lewiston នឹងចាប់ផ្តើមរៀនអំពីរបៀបប្រើប្រាស់ថ្នាំ Naloxone ដែលបាញ់តាមច្រមុះដើម្បីបន្សាបការប្រើប្រាស់សារធាតុថ្នាំលើសកម្រិត។ ច្បាប់របស់រដ្ឋមួយដែលបានអនុម័តកាលពីឆ្នាំមុន បានកំណត់ថាការបណ្តុះបណ្តាលនេះត្រូវរួមបញ្ចូលនូវស្តង់ដារពីកម្មវិធីដែលទទួលស្គាល់ដោយជាតិ ហើយត្រូវបានបង្រៀនដោយគ្រូដែលមានសមត្ថភាពក្នុងពេលថ្ងៃសិក្សា ឬជាសកម្មភាពក្រៅម៉ោងសិក្សា។ នៅក្រោមច្បាប់ថ្មី សាលារៀនរដ្ឋទាំងអស់ត្រូវតែផ្តល់ការអប់រំ លើការប្រើប្រាស់ថ្នាំ naloxone ដល់សិស្សអនុវិទ្យាល័យ បន្ថែមពីលើការបណ្តុះបណ្តាល CPR និង defibrillator ។ កាកសំណល់អាហារ ការសិក្សាលើកដំបូងរបស់នាយកដ្ឋានការពារបរិស្ថានរដ្ឋម៉េន បានរកឃើញថាការបាត់បង់អាហារ និងកាកសំណល់ចំនួន ៣៦០,០០០តោន ត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋជារៀងរាល់ឆ្នាំ។ កាកសំណល់អាហារគឺជាចំណែកចូលរួមដ៏សំខាន់ចំពោះការប្រែប្រួលអាកាសធាតុ ហើយកាកសំណល់អាហារភាគច្រើនត្រូវបានបង្កើតដោយគ្រួសារទាំងអស់នៅក្នុងរដ្ឋ។ ចំណែកធំទីពីរនៃបង្ករកាកសំណល់អាហារគឺកសិកម្ម ដែលស្បៀងអាហារត្រូវបានបាត់បង់ដោយសារតែវាមិនត្រូវបានប្រមូលផលទាន់ពេលវេលា។ ខណៈពេលដែលការសិក្សានេះមានគោលបំណងផ្តល់ព័ត៌មានអំពីគោលនយោបាយអាកាសធាតុរបស់រដ្ឋ ដែលមន្ត្រីរដ្ឋសង្ឃឹមថា វាក៏នឹងជំរុញឱ្យគ្រួសារទាំងអស់ចាត់វិធានការដើម្បីកាត់បន្ថយកាកសំណល់ផងដែរ។ ស្លឹកឈើ រដូវស្លឹកពណ៌មាសកំពុងចាប់ផ្តើមប្រែក្លាយបន្តិចម្តងនៅភាគខាងជើងនៃរដ្ឋ។ ហើយអ្នកជំនាញខាងពណ៌ស្លឹកឈើរបស់រដ្ឋម៉េន និយាយថា នេះអាចជារដូវដ៏ស្រស់ស្អាតមួយនៅទូទាំងរដ្ឋ។ គិតត្រឹមសប្តាហ៍មុន តំបន់ភាគខាងជើងរដ្ឋម៉េន ទាំងអស់កំពុងពន្លេចនូវពណ៌មាស "មធ្យម" ដែលមានន័យថាដើមឈើមួយភាគបីទៅពាក់កណ្តាលបានចាប់ផ្តើមផ្លាស់ប្តូរពណ៌។ ទន្ទឹមនឹងនេះដែរមានការរាយការណ៍ថា មានបរិមាណទាបនៃការផ្លាស់ប្តូពណ៌ស្លឹកឈើនៅក្នុង សហគមន៍តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងបំផុតរបស់រដ្ឋម៉េន និងនៅទូទាំងខ្សែរព្រៃ ដែលលាតសន្ធឹងពី Jackman នៅភាគខាងលិចទៅ Houlton នៅភាគខាងកើត។ នៅសល់តែភាគខាងលិច ភាគកណ្តាល និងឆ្នេរសមុទ្រម៉េន នៅតែមានពណ៌បៃតងស្អាត។ ប៉ុន្តែសីតុណ្ហភាពពេលយប់ដ៏ត្រជាក់នាពេលថ្មីៗនេះ ដែលនឹងបង្កើនល្បឿននៃការផ្លាស់ប្តូរពណ៌ស្លឹកឈើ។ មន្ត្រីរដ្ឋបាននិយាយថា រដ្ឋម៉េន បានទទួលបានទឹកភ្លៀងគ្រប់គ្រាន់ក្នុងរដូវក្តៅនេះ ដើម្បីកំណត់ដំណាក់កាលសម្រាប់រដូវស្លឹកឈើជ្រុះដ៏ "ស្រស់បំព្រង"។ Maine Public កំពុងស្វែងរកមតិកែលម្អពីលោកអ្នក។ ដើម្បីបំពេញការស្ទង់មតិខ្លីៗរបស់យើង សូមចូលទៅកាន់ mainepublic.com/newsconnect ។ នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។ |